រាជរដ្ឋាភិបាលមានគម្រោងក្នុងការសាងសង់ផ្លូវដែកថ្មីមួយទៀតនៅខាងកើតទន្លេសាបនាពេលខាងមុខ ដែលតភ្ជាប់រាជធានីភ្នំពេញ ខេត្ដកំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង និងការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រៅពីនោះសម្ដេចធិបីត ហ៊ុន ម៉ាណែត ក៏បានបង្ហើបពីគម្រោងនៃការសាងសង់ផ្លូវដែកនៅខាងកើតទន្លេសាបមួយខ្សែទៀតផងដែរ។ «…ផ្លូវដែកត្រូវធ្វើ ហើយគម្រោងយើងទៅថ្ងៃក្រោយអាចភ្ជាប់មួយទៀតនៅខាងកើតទន្លេ (ទន្លេសាប) ប៉ោយប៉ែត សៀមរាប ភ្នំពេញ»។ នេះជាប្រសាសន៍សម្ដេចធិបតីនៅក្នុងកម្មវិធីខាងលើ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលថ្មី នឹងបន្តគម្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច ដែលមានដូចជាផ្លូវដែក ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវទឹក និងផ្លូវអាកាសជាដើម៕