គម្រោងធំ! ខេត្ដកោះកុងទទួលបានគម្រោងវិនិយោគថ្មីតម្លៃជាង ៤០០ លានដុល្លារ

ជាដំណឹងរីករាយសម្រាប់ខេត្ដកោះកុង ខណៈនៅមុននេះបន្ដិចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីតម្លៃជាង ៤០០ លានដុល្លារទៅឲ្យក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD” ដើម្បីធ្វើការវិនិយោគសាងសង់គម្រោងវារីអគ្គិសនីចំនួន ២ នៅក្នុងខេត្ដជាប់ឈូងសមុទ្រមួយនេះ។

យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា គម្រោងសាងសង់វារីអគ្គិសនីថ្មីទាំង ២ នេះរួមមាន៖ គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល ដែលមានអានុភាព ៧០មេហ្កាវាត់ មានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ មានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុង។
តាមការបញ្ជាក់ពី CDC គម្រោងវារីអគ្គិសនីខាងលើ មានទុនវិនិយោគសរុបដល់ទៅ ៤៤៧,៥លានដុល្លារ ហើយការវិនិយោគនេះទៀតសោតគឺស្ថិតនៅក្រោមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT)។ ជាមួយគ្នានេះ នៅពេលគម្រោងសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ ក៏នឹងអាចបង្កើតការងារចំនួន ២៣០កន្លែង ជូនពលរដ្ឋក្នុងតំបន់ផងដែរ៕

 

404309074 746571227501146 9199725400525867450 N